បើយោងតាមគណិតហ្វេសប៊ុករបស់ អ្នកស្រីទ្រីដាណា បានបង្ហោះថា៖ឱ្យតែកាត់ផ្លូវច្បារអំពៅ ឃើញលោកពូរហូត ឡើងចាំមុខ តែបាត់មួយរយៈនេះ ប្ដីខ្ញុំក៏ឆ្ងល់ដែរ តាមពិតគាត់ឈឺ
ជូនលោកពូ 1000$ ទុកព្យាបាលជំងឺ ក្រុមការងារនឹងយកជូនលោកពូឆាប់ៗនេះ ជូនពរឆាប់ជា លោកពូ រស់ ហ៊ន ជាប៉ូលិសចរាចរណ៍គំរូ មិនមើលនឹងភ្នែកទេ ឃើញជួយគេរហូត ហាលក្ដៅ ហាលភ្លៀង។
អរគុណដែលអាជ្ញាធរយកចិត្តទុកដាក់ជួយគាត់ ជាពិសេសអភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ បានជួយគាត់ភ្លាមៗ ផ្ដល់ភាពកក់ក្ដៅ។ នាងខ្ញុំ និងស្វាមីគ្រាន់តែចូលរួមចំណែកបន្ថែម សង្ឃឹមថាគាត់អាចបានធូរស្រាលឆាប់ៗ ។
គួរបញ្ចាក់ផងដែរថា៖ មហាជនអាណិតអាសូរ ប៉ូលិសចរាចរណ៍នៅច្បារអំពៅលោក រស់ ហ៊នដែលធ្លាក់ខ្លួនឈឺ។ លោកអនុសេនីយ៍ឯក រស ហ៊ន ជានាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌច្បារអំពៅ ត្រូវក្រុមគ្រួសារសម្រេចបញ្ជូនទៅ
កាន់ប្រទេសថៃនៅយប់ថ្ងៃទី០៩ធ្នូនេះ ក្រោយពីរូបលោកបានចូលសំរាក់ព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រកាលពីថ្ងៃទី០៦ធ្នូ ដោយមានជម្ងឺធ្ងន់ធ្ងរ គឺជម្ងឺដុះដំសាច់ក្រោមថ្លើម។ នេះបើយោងតាមការអះអាងឲ្យក្រុមការងារគេហទំព័រ
នៃអគ្គស្នងការដ្ឋាន នគរបាលជាតិដឹងនៅយប់ថ្ងៃទី០៩ធ្នូនេះ ដោយលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ។លោកអនុសេនីយ៍ឯក រស់ ហ៊ន ដែលមហាជនតែងតែឃើញធ្វើសកម្មភាពសម្រួល
ចរាចរណ៍នៅលើដងផ្លូវជាតិលេខ១ នៅចំណុច មុខផ្សារច្បារអំពៅ។ ទោះបីជាយ៉ាងនេះថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសក្រោមការដឹកនាំដោយផ្ទាល់ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលដឹកនាំអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក រស់ ហ៊ន ដោយផ្ទាល់នៅមន្ទីពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការរងបាននាំយកអំណាយឯកឧត្តម ស ថេត នូវទឹកប្រាក់ចំនួន៥០០ដុល្លា និងអំណោយអធិការនគរបាលខណ្ឌច្បារអំពៅ រួមមាន ៖ ទឹកសុទ្ធ០៤កេស ទឹកក្រូច០២កេស ទឹកដោះគោឆៅ០២ឡូ និងថវិកា ១.៥០០.០០០រៀល ជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊ន ផងដែរ។
ដោយឡែកនៅព្រលប់ថ្ងៃទី០៩ធ្នូនេះផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានផ្តល់នូវថវិកាចំនួន៤លានរៀលផងដែរ តាមរយៈលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ៕