ព្រះសីហនុ៖ រូបសំណាកព្រះថោង នាងនាគខ្មែរយើងដ៏ធំសម្បើម ដែលនឹងត្រូវដាក់តំឡើងនៅនឹងរង្វង់មូលថ្មីនៅក្នុងខេត្តព្រះសីហនុ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាយើងនោះ
ពេលនោះបានលេចចេញជារូបរាងបណ្តើរៗហើយ។ ក្រោមការកសាង ដុសខាត់យ៉ាងហ្មត់ចត់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមជាងដ៏ជំនាញអស់រយៈពេលប៉ុន្មានខែកន្លងមកនោះ រូបសំណាកព្រះថោង តោង
ស្បៃនាងនាគដ៏ធំមហិមានេះបានកំពុងលេចរូបរាងបន្តិចម្តងៗហើយ។ រូបសំណាកដ៏ធំនេះមានកំពស់ដល់ទៅជាង ២១ម៉ែត្រ នឹងត្រូវបានគេយកទៅតំឡើងនៅនឹងរង្វង់មូលថ្មីនៅក្នុងក្រុងព្រះសីហនុ ដែលនៅនឹងផ្លូវ
ចំណុចប្រសព្វរង្វង់មូលមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ដែលរដ្ឋាភិបាលទើបនឹងដាក់បទបញ្ជាឱ្យកែលម្អ និងកសាងថ្មីនៅក្នុងគម្រោងសាងសង់ផ្លូវ៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ។
តាមផែនការ ក្រុមជាងនឹងធ្វើរូបទាំងពីរឲ្យបែរព្រះភក្ត្រ ទៅទិសខាងសមុទ្រ ដោយសារបើតាមរឿងព្រេងការកកើតនគរខ្មែរគឺនាងនាគ បានឲ្យព្រះថោង តោងកន្ទុយ ឬស្បៃ ដើម្បីមុជទឹក ហោះទៅកាន់ឋានស្ដេច
ភុជង្គនាគ ដើម្បីជួបមាតា បិតារបស់ព្រះនាង ហើយនោះគឺជាកំណើតនៃអារ្យធម៌, វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នគរខ្មែរ គោកធ្លក ដែលគេឃើញមានតរៀងមក ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរដល់សព្វថ្ងៃ។
រូបសំណាកដ៏ធំស្កឹមស្កៃគួរឱ្យកោតស្ញប់ស្ញែងនេះនឹងជារូបសំណាកមួយក្នុងចំណោមរូបសំណាក់និមិត្តរូបនៃខេត្តព្រះសីហនុចំនួន៤ ដែលរូបសំណាក់៣ផ្សេងទៀតមានដូចជារូបសំណាកតោមាសដែលយើងតែងតែឃើញ
កន្លងមកនៅក្នុងខេត្តព្រះសីហនុ រូបសំណាកព្រះសិវៈ និងព្រះនាងឧមា (សាងសង់ថ្មី) និងរូបសំណាកសីហក្បាលរាជសី៕ សូមមើលរូបភាពខាងក្រោម៖