កម្រិតខ្យល់ពុល Pm 2.5 ក្នុងទីក្រុងបាងកកនៅតែបន្តកើនឡើងខ្លាំងជាងមុន ខណៈដែលពេលនេះ AirVisual បានចេញផ្សាយថាកម្រិតខ្យល់ពុលក្នុងប្រទេសថៃពេលនេះកំពុងតែកើនឡើងក្នុងស្ថានភាពមួយ គួរជាក្តីបារម្ភ។
សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅទីក្រុងបាងកកបានកើនឡើងដល់ ១៩០ ដែលជាកម្រិតមិនមានសុវត្ថិភាពកាលពីព្រឹកថ្ងៃអង្គារដោយឈរនៅលំដាប់ទី ៣ ក្នុងបញ្ជីនៃខ្យល់អាកាសអាក្រក់បំផុតក្នុងពិភពលោក។
យ៉ាងណាមិញ គេសង្កេតឃើញថាកម្រិតខ្យល់ពុលសម្រាប់ប្រទេសថៃរំលងបានត្រឹមតែមួយថ្ងៃសោះស្ថានភាពខ្យល់បានកើនឡើងក្នុងកម្រិតមួយខ្ពស់ដែលចោទជាក្តីបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះបញ្ហាសុខភាពប្រជាជនថៃ ។
ឧបនាយករដ្ឋមន្រ្តីលោក Prawit Wongsuwon បានបញ្ជាអោយទីភ្នាក់ងារបញ្ឈប់កសិករដុតវាលស្រែ សំរាម និងស្នើអោយឧស្សាហកម្មកាត់បន្ថយផលិតកម្ម សម្រួលចរាចរណ៍ និងសកម្មភាពជាច្រើនទៀត ដែលអាចបង្ករឲ្យផ្សែងពុលកាន់តែកើនឡើង។
ទន្ទឹមនឹងនេះ សម្រាប់រដ្ឋាភិបាលប្រទេសថៃក៏បានឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារសុខភាព ត្រូវពាក់ម៉ាស់ ឬ វែនតាការពារឱ្យខ្ជាប់ខ្ជួន ជៀសវាងការចេញហាត់ប្រាណក្នុងបរិវេណខាងក្រៅផ្ទះ ជាដើម ៕