កាលពីខែមុន តារាស្រី J-pop ជប៉ុន២នាក់ បានប្រកាសលក់ទឹកដែលពួកនាងបានងូតរួច ក្នុងតម្លៃ ៩០០ដុល្លារក្នុងមួយដប។ នេះយោងតាមសារព័ត៌មាន Nextshark ចេញផ្សាយ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៩។
អ្នកនាង Tenka no Chanyuki និង Asuka Rei ជាតារាចម្រៀង និងសម្តែង J-pop មកពីក្រុម The Banana Monkey នៃប្រទេសជប៉ុន។
តាមការអះអាងពីទំព័រផ្លូវការរបស់ The Banana Monkey លើបណ្តាញសង្គម Twitter បានឲ្យដឹងថា “នេះជាទឹកដែលតារាស្រីក្នុងក្រុមយើងចូលត្រាំ។ វាពិតជានៅល្អបរិសុទ្ធទៀតផង” ។ ដើម្បីសម្រួលដល់ការចំណាយផ្សេងៗ អ្នកគ្រប់គ្រងក្នុងក្រុមបានសម្រេចច្រកទឹកសេសសល់ចូលក្នុងដបដើម្បីយកទៅលក់លើអនឡាញ។
យោងតាមសារព័ត៌មានជប៉ុន SoraNews24 បានបន្ថែមថា “អ្នកអាចយកទឹកនេះទៅផឹក ឬ ចាក់វាបន្តិចចូលក្នុងអាងងូតទឹក នោះអ្នកនឹងទទួលអារម្មណ៍មួយប្រៀបដូចជាកំពុងងូតទឹកជាមួយតារាយើងផ្ទាល់អីចឹង”។
ឥឡូវនេះទឹកអាងដែលតារាស្រីទាំងពីរចូលត្រាំ ត្រូវបានដាក់លក់លើអនឡាញនៅប្រទេសជប៉ុន ដោយអាចលក់បាន តម្លៃ១សែនយេន (ស្មើនឹង៩០០ដុល្លារ) ក្នុងមួយដប។
ក្រោយការដាក់លក់ គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមនៅជប៉ុនកំពុងធ្វើការរិះគន់លើទង្វើ និងគំនិតនេះយ៉ាងខ្លាំង។ អ្នកខ្លះបានបញ្ចេញមតិថា “ មានតែមនុស្សល្ងង់ទេដែលទិញទឹកនេះ”៕