បុរសអនាថាជនជាតិថៃម្នាក់ ឈ្មោះ Woralop អាយុ ៤៤ឆ្នាំ រស់នៅក្រុងបាងកក ត្រូវបានមហាជនគោរពកោតសរសើរពីទឹកចិត្តដ៏ស្មោះត្រង់ បន្ទាប់ពីរើសបានកាបូបលុយបុរស
ប្រសិនបើគាត់ទុកកាបូបនោះ គាត់អាចចាយវាយបានប៉ុន្មានខែដែរ ប៉ុន្តែគាត់សុខចិត្តព្រមប្រគល់ឲ្យម្ចាស់ដើមវិញ។ យ៉ាណា កាយវិការដ៏ល្អប្រពៃនេះ បានកែប្រែផ្លាស់ប្ដូរជីវិតរបស់គាត់ទាំងស្រុង។
ក្នុងកាបូបនោះមានប្រាក់តែ ២០ ០០០បាត ឬប្រមាណ ៥៧៧ដុល្លារ និងកាតក្រេឌីតមួយចំនួនទៀតប៉ុណ្ណោះ។ ព័ត៌មាននេះត្រូវបានគេចែកចាយព្រោងព្រាតតាមបណ្ដាញសង្គម ព្រោះទង្វើបុរសនេះ
បានធ្វើឲ្យរូបគេទទួលបានជីវិតថ្មី ការងារថ្មី នៅរោងចក្ររបស់ម្ចាស់កាបូប ទទួលបានប្រាក់ខែប្រមាណ ៣២០ដុល្លារ និងស្នាក់នៅក្នុងផ្ទះល្វែងដ៏សមរម្យមួយទៀត។
អ្នកប្រហែលជាសួរខ្លួនឯងថា តើខ្លួនត្រូវធ្វើដូចម្ដេច ប្រសិនបើរើសបានកាបូបពេញដោយលុយដូចនេះ យ៉ាងហោចណាស់ មនុស្សម្នាក់ជួបប្រទះម្ដងក្នុងមួយជីវិត។ តើអ្នកនឹងរក្សាវាទុក? យកប្រគល់ឲ្យសមត្ថកិច្ច ឬទុកឲ្យប្រគល់ឲ្យម្ចាស់ជាការដោះដូរយកសគុណ?
សំណួរទាំងនេះ តែងតែសួរសម្រាប់តេស្តពីគុណតម្លៃរបស់បុគ្គលម្នាក់។ ប៉ុន្តែសម្រាប់លោក Woralop បានអះអាងថា គាត់មិនបានគិតចង់ទុកកាបូបនោះទេ ពេលរើសបានភ្លាមៗ ដោយគាត់ចង់យកប្រគល់ឲ្យម្ចាស់ដើមវិញ ប៉ុន្តែមិនឃើញមនុស្ស។
គាត់បានយកទៅប៉ុស្ដិ៍ប៉ូលិសដែលនៅជិតគាត់បំផុត ដើម្បីឲ្យប៉ូលិសជួយទាក់ទង រហូតស្រាវជ្រាវឃើញម្ចាស់តែម្ដង។ បុរសម្ចាស់កាបូបមានវ័យ ៣០ឆ្នាំ បានជ្រុះបាត់កាបូបលុយដោយមិនដឹងខ្លួននៅក្បែរស្ថានីយរថភ្លើងក្រោមដី។
បុរសអនាថាបានជួបប្រទះដោយចៃដន្យ និងព្យាយាមយកកាបូបប្រគល់ឲ្យម្ចាស់វិញ តែតាមមិនទាន់។ ដំបូងពេលប៉ូលិសទាក់ទងទៅកាន់ម្ចាស់កាបូប គាត់ពុំដឹងថា កាបូបនោះជ្រុះបាត់ផង ប៉ុន្តែពេលទៅកាន់ប៉ុស្ដិ៍ប៉ូលិស គាត់បានឃើញកាបូបរបស់គាត់នៅប្រាក់ទាំងអស់ មិនបាត់មួយរៀលទេ។
គាត់បាននិយាយថា «ខ្ញុំភ្ញាក់ផ្អើលមែនទែន ពេលប៉ុលិសប្រាប់ខ្ញុំថា កាបូបខ្ញុំនៅដៃគាត់។ ពេលខ្ញុំសួរនាំទៅកាន់អ្នករើសបាន ទើបដឹងថាគាត់ជាបុរសអនាថា និងមានកាក់ពីរបីសេនប៉ុណ្ណោះក្នុងហោប៉ៅ
ប៉ុន្តែគាត់បែរជាសម្រេចចិត្តប្រគល់កាបូបលុយរាប់រយដុល្លារមកឲ្យខ្ញុំវិញដូច្នេះ។ នេះបង្ហាញឲ្យឃើញថា គាត់ជាមនុស្សល្អ ស្មោះត្រង់ សង្គមចង់បាន»។
ម្ចាស់កាបូបឃើញដូច្នេះមានការត្រេកអ និងអរគុណដល់បុរសអនាថាពីទឹកចិត្តកម្ររកបាន ដំបូងគាត់បានជូនសគុណជាប្រាក់ចំនួន ២ពាន់បាត ឬប្រមាណ ៥៧ដុល្លារ ទៅអ្នករើសបាន
ប៉ុន្តែក្រោយមក គាត់បានប្ដូរចិត្តជូនសគុណជាការងារថ្មីមួយ និងកន្លែងស្នាក់នៅមួយវិញ ពេលគាត់ដឹងថាបុរសនេះគ្មានការងារជាងមួយឆ្នាំ និងយកស្ថានីយរថភ្លើងក្រោមដី Huay Kwang MRT ជាកន្លែងគេងទៀតផង៕