មហាជនជាច្រើនកំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈដែលមានឡានដឹកដីធំៗ សម្រុកដឹកដីឆ្លងកាត់តួ និងគ្រឹះប្រាសាទបុរាណប្រវត្តិសាស្ត្រសែនភូវាំង ដែលមានអាយុកាលជាងមួយពាន់ឆ្នាំ ដែលមានទីតាំងស្ថិតនៅភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ អាចធ្វើអោយប៉ះពាល់ដល់គ្រឹះប្រាសាទនេះបាន។
បើតាមអ្នកជំនាញ សូម្បីសំឡេងយន្តហោះ ក៏ធ្វើឱ្យប៉ះពាល់ដល់តួប្រាសាទអង្គរ ដែរ ទើបប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភពីប្រាសាទបុរាណដែលមានអាយុកាលជាងមួយពាន់ឆ្នាំ មកហើយ ខណៈក្រុមឈ្មួញដឹកដីឆ្លងកាត់លើខឿន និងតួប្រាសាទដែលអាចបណ្ដាលឱ្យរំលំបាក់ប្រាសាទសែនភូវាំង។
នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំងប្រាសាទខាងលើ គឺបានឃើញក្រុមឈ្មួញ កំពុងធ្វើសកម្មភាពដឹកដី ដោយប្រើប្រាស់សុទ្ធតែប្រភេទរថយន្តបែន៥តោន បើកឆ្លងកាត់តួ និងខឿនប្រាសាទសែនភូវាំង ពិតប្រាកដមែន ។
ប៉ុន្តែម្ចាស់រថយន្តដឹកដី ឈ្មោះ ង៉ែត បានចេញមុខមកអះអាងថា លោកបានសុំច្បាប់អនុញ្ញត្តាត្រឹមត្រូវ ពីអាជ្ញាធរឃុំ រហូតដល់ស្រុក ហើយមុននឹងធ្វើសកម្មភាព ខាងក្រុមប្រឹក្សាឃុំ បានចុះមកត្រួតពិនិត្យ ទើបលោកហ៊ានធ្វើសកម្មភាពបានដោយរលូនបែបនេះ។
ពាក់ព័ន្ធករណីខាងលើនេះ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានឱ្យដឹងថា លោកមិនបានដឹងសោះចំពោះករណីនេះ តែលោកនឹងបញ្ជាកម្លាំងចុះទៅចាប់យកគ្រឿងចក្រខាងលើនោះឱ្យបានក្នុងពេលបន្តិចទៀតនេះ។
ហើយលោកនឹងស្រាវជ្រាវ និងយកម្ចាស់គ្រឿងចក្ររូបនោះមកទទួលទោសតាមផ្លូវច្បាប់ផងដែរ ពីព្រោះថាវាពិតជាប៉ះពាល់ខ្លះដល់ប្រាសាទបុរាណរបស់ខ្មែរយើង៕