តំបន់ដាច់ស្រយាលមួយនេះ ធ្វើឲ្យលោកស្រី ទ្រី ដាណា និងស្វាមី អង្គុយមើលរូបភាពហើយ ទឹកភ្នែកខ្ញុំស្ទើររមៀលចុះមក…

0

បើយោងតាមលោកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងវែងថា៖ “ខ្ញុំយកទូរសព្ទ មកមើលរូបឡើងវិញជាមួយប្ដីខ្ញុំ ខ្ញុំនឹកឃើញឡើងវិញពេលចុះទៅតំបន់ដាច់ស្រយាលនៅខេត្តក្រចេះថ្ងៃមុន ទឹកភ្នែកខ្ញុំស្ទើររមៀលចុះមក បងប្អូនដឹងថាខ្ញុំជួបរឿងអីខ្លះទេ?

ខ្ញុំចូលទៅផ្ទះមួយនោះ ខ្ញុំស្រែកហៅថាមានអ្នកណានៅផ្ទះអត់? គ្មានអ្នកឆ្លើយទេ ពួកខ្ញុំក៏ដើរចេញវិញ ស្រាប់តែបន្តិចមានក្មេងស្រីម្នាក់លួចអើតមក ស្រែកសួរនាង នាងខ្លាច នាងមិនឆ្លើយ នាងបានត្រឹមសម្លឹងមក ដោយក្រសែភ្នែកបែបឆ្ងល់ ប្ដីខ្ញុំ

ហៅនាងចុះមក នាងក៏ចុះមក តែមិននិយាយអីទេ ហើយក្រុមខ្ញុំ ក៏បានយកអំណោយ សម្ភារៈសិក្សា ថវិកាជូននាង។ ប្ដីខ្ញុំ សួរនាងទៀតថា ហូបបាយនៅ នាងគ្រវីក្បាល ថាចាំឪពុកនាងមកផ្ទះវិញ ទើបមានអីហូប។ ពេលនោះ ម៉ោងជិត១រសៀលហើយ នាងប្រហែលជាឃ្លាន។ ពេលខ្ញុំចេញមក ឃើញនាងនៅអង្គុយកាន់នំប៉័ង ដោយការងឿងឆ្ងល់។

ទៅដល់ផ្ទះមួយទៀត មានរងើកភ្លើងក្រោមផ្ទះ ប្ដីខ្ញុំក្រឡេកមើលទៅក្នុង មាននារីម្នាក់អើតចេញមក។ សួរនាងដូចគ្នា ថាបានអីហូបនៅ? នាងថា ចាំប្ដី ប្ដីនាងទៅស៊ីឈ្នួលបេះស្លឹក ហើយប្រហែលសង្ឃឹមថាមកវិញ អាចបានអីសម្រាប់ចម្អែតក្រពះខ្លះ។ រងើកភ្លើងខាងក្រោម គឺនាងកំពុងអាំងភ្លើង តាមបែបជនជាតិ គឺដុតចោលនៅក្រោមផ្ទះ ហើយនាងនៅតែម្នាក់ឯង ជាមួយកូនខ្ចីខាងក្នុង ឯប្ដីត្រូវចេញទៅស៊ីឈ្នួល។

ដល់កន្លែងមួយនោះ ខ្ញុំឃើញមនុស្សមួយក្រុម កំពុងជីករកកូនត្រី រើសខ្យងតូចជុំគ្នា ទាំងក្មេងតូចៗ។ ម៉ោងជាង ១២ហើយ គ្មានបាយទេ កុំថាឡើយម្ហូបសម្រាប់ទទួលទាន។ ប្ដីខ្ញុំចូលទៅស្រែកសួរគាត់ ស្រាប់តែគាត់និយាយភាសាជនជាតិដាក់គ្នាគាត់

បែបងឿងឆ្ងល់។ យកអំណោយជូនគាត់ គាត់ថាគ្មានលុយទេ គាត់ខ្លាច។ យើងប្រាប់គាត់ថា ពួកខ្ញុំជូនទេ មិនយកលុយទេ ទើបគាត់សប្បាយចិត្ត ហើយនិយាយថា គាត់មានកូនដល់ទៅ១០នាក់

ហើយម៉ោងជាង ១២ថ្ងៃត្រង់ មិនទាន់មានអីហូប។ បន្តិចក្រោយមក ទើបខ្ញុំនិយាយគ្នាជាមួយប្ដីខ្ញុំ តាមពិត យកអំណោយតាមផ្ទះនៅតំបន់ដាច់ស្រយាលនោះ ពួកគាត់មិនសូវហ៊ានទទួលភ្លាមៗ ព្រោះស្មានតែគេយកទៅលក់។

ឱជីវិតអើយជីវិត ទាំងនេះជាអ្វីដែលខ្ញុំជួបពីក្មេងៗ អារម្មណ៍រង់ចាំឪពុកម្ដាយ ដាំបាយឱ្យហូប អារម្មណ៍រង់ចាំរបស់ឆ្ងាញ់ៗ អារម្មណ៍ឃ្លាន រងាឯកា អារម្មណ៍ពេលដែលភ្លៀងផ្គររន្ទះ គ្មានកន្លែងជ្រកសមរម្យ ត្រូវឱបដៃរងាញ័រញាក់

បងប្អូនធ្លាប់ឆ្លងកាត់ ប្រាកដជាយល់ច្បាស់ ហើយសង្វេគខ្លួន។ ប្រទេសណាក៏មានអ្នកជួបការលំបាក កន្លែងណាក៏មានអ្នកជួបទុក្ខលំបាក គ្រាន់តែតិច និងច្រើន។ មានតែយើងរួមគ្នា ជួយគ្នា។ អ្នកធ្លាប់លំបាក ហើយជួយអ្នកកំពុងលំបាក ទើបដឹងថាអារម្មណ៍ដែលត្រូវគេជួយនោះ វាមានន័យបែបណា”៕