ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៧ ខែមករា បានចាត់កម្លាំង ទៅណែនាំដល់អាជីវករ តាមផ្សារនានាទូទាំងខេត្ត មិនអោយលក់ផាវ និងកាំជ្រួច ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះនេះទេ។ ផាវ និងកាំជ្រួច ត្រូវបានហាមឃាត់ មិនឲ្យដុតឡើយ ក្នុងពេលសែនចូលឆ្នាំចិន នៅខែកុម្ភៈខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថាជាការណែនាំពីអគ្គស្នងការនគរបាលជាតិ និងអភិបាលនៃគណៈភិបាលខេត្តបន្ទាយមានជ័យ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភូមិ.ឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិនប្រពៃណីចិន.វៀតណាមខាងមុខនេះ គឺហាមមិនអោយដុតផាវ ឬបាញ់កាំជ្រួចឡើយ។
លោកបានបញ្ជាក់ថា កម្លាំងនគរបាលជំនាញខេត្តស្រុក.ក្រុង ត្រូវចុះណែនាំដល់អាជីវករ ដែលលក់ដូរតាមផ្សារ ក្នុងខេត្តបន្ទាយមានជ័យ មិនត្រូវលក់ផាវ ឬកាំជ្រួច សម្រាប់ក្នុងឱកាសបុណ្យចូលឆ្នាំចិន ប្រពៃណីចិនវៀតណាមនេះទេ ព្រោះបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់ ហើយកាំជ្រួច អាចបង្កគ្រោះថ្នាក់បាន នៅពេលដុត។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សង្ឃឹមថា បងប្អូនអាជីវករ ក្រោយទទួលការណែនាំពីមន្ត្រីជំនាញ នឹងអនុវត្តតាម ដោយគ្មានការលក់ដូរផាវ និងកាំជ្រួច ហើយបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិនប្រពៃណីចិនវៀតណាមខាងមុខនេះ ក៏នឹងមិនដុតផាវ ឬកាំជ្រួចឡើយ៕