ញាក់សាច់!!! គ្រាន់ពិសខ្យាដំរី អាចធ្វើអោយអ្នកក្លាយជាសេដ្ឋីបានដែរ

0

Deathstalker គឺ​ជា​ពូជ​ខ្យា​ដំរី​គ្រោះថ្នាក់​បំផុត​មួយ​នៅ​លើ​ផែនដី​នេះ។ មិនតែប៉ុណ្ណោះ ពិស​របស់​វា​ក៏​ជា​វត្ថុ​រាវ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក​ផង​ដែរ។

បើ​យោង​តាម​គេហទំព័រ Businessinsider បាន​ឲ្យ​ដឹង​ថា ពិស​ខ្យាដំរី​ប្រភេទ​នេះ​មាន​តម្លៃ​រហូត​ដល់​ទៅ ៣៩លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ហ្គាឡុង (៣,៧លីត្រ)។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ពិស​ខ្យាដំរី Deathstalker មិនមែន​ងាយ​រក​បាន​ឡើយ ហើយ​ត្រូវ​យក​ដោយ​ដៃ​ម្ដង​មួយៗ​ទៀត​ផង។ រឹតតែ​ពិបាក​នោះ​គឺ វា​ផលិត​ពិស​ម្តង​ត្រឹមតែ ២​មិល្លីក្រាម​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិន​បើ​ចង់​បាន​ពិស​ខ្យាដំរី ១ហ្គាឡុង អ្នក​ត្រូវ​យក​ពិស​វា​សរុប​ចំនួន ២,៦៤លាន​ដង​ទើប​គ្រប់។

អ្នក​ជំនាញ​ស្រាវជ្រាវ​ផ្នែក​ពិស Venomtech លោក Steve Trim បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិស​ខ្យាដំរី​សម្បូរ​ទៅ​ដោយ​សមាសធាតុ​មាន​ប្រយោជន៍​ជាច្រើន ដែល​អាច​ជួយ​ដល់​ផ្នែក​វេជ្ជសាស្ត្រ។ ឧទាហរណ៍​ដូច​ជា អាស៊ីដ Chlorotoxins ដែល​អាច​រួម​បញ្ចូល​ជាមួយ​នឹង​កោសិកា​មហារីក​មួយ​ចំនួន នៅ​ក្នុង​ខួរ​ក្បាល និង​ឆ្អឹងខ្នង ដែល​អាច​ជួយ​កំណត់​ទំហំ និង​ទីតាំង​ជាក់លាក់​នៃ​ដុំ​សាច់​បាន។

គួរ​ឲ្យ​ដឹង​ថា អ្នកស្រាវជ្រាវ​បាន​ប្រើ​ខ្យាដំរី ដើម្បី​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​មូស ខណៈ​សមាសធាតុ Kaliotoxin ត្រូវ​បាន​ប្រើ​សាកល្បង​លើ​សត្វ​កណ្ដុរ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ឆ្អឹង ហើយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹម​ថា វា​អាច​នឹង​មាន​ប្រសិទ្ធភាព​ចំពោះ​មនុស្ស​ផង​ដែរ។

យ៉ាងណាមិញ វា​គ្រាន់តែ​ជា​អត្ថប្រយោជន៍​មួយ​ចំនួន​ចំពោះ​ផ្នែក​វេជ្ជសាស្ត្រ ដែល​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​នៅ​ក្នុង​ពិស​ខ្យាដំរី​ប៉ុណ្ណោះ៕

ប្រភព៖ Sabay