និស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា»។
យ៉ាងណាមិញ នាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោក ហុង ភារិន បានមានការលេីកឡេីងអំពីដំណឹងមួយ ប្រាប់ទៅកាន់មហាជន ដែលមានការរៀបរាប់ដូចតទៅ៖«ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំបានទទួលតួនាទីមួយទៀតគឺជា អាជ្ញាកណ្តាលការប្រកួតការចងចាំ (Arbiter of Memory) ក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់អន្តរជាតិនិងលំដាប់ពិភពលោក។
ការផ្តល់តួនាទីជាអាជ្ញាកណ្តាលការប្រកួតការចងចាំ (Arbiter of Memory) នេះ ក្នុងមួយប្រទេសអាចមានត្រឹមតែ ២ នាក់ប៉ុណ្ណោះ។ ខ្ញុំនៅតែជាអត្តពលិកការចងចាំដដែល គ្រាន់តែបន្ថែមតួនាទីមួយទៀតដេីម្បីអោយពិភពលោកទទួលស្គាល់ក្រុមការចងចាំកម្ពុជានាពេលអនាគត»៕