របស់មិនអាចកាត់ថ្លៃបាន! ភ្ញាក់ផ្អើលណាស់ មានការប្រទះឃើញទូកបូរាណជិត១ពាន់ឆ្នាំ ជាទូកមេទ័ព ក្នុងរាជ្យព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ (មានវីដេអូ)

0

អាជ្ញាធរ​អប្សរា​បាន​យក​ទូក​បុរាណ​ ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ការដ្ឋាន​បូម​ខ្សាច់​មួយ ស្ថិត​នៅ​ឃុំ លាងដៃ ស្រុក អង្គរធំ ទៅ​រក្សា​ទុក​ក្នុង​កសិណ​អង្គរវត្ត​ ដើម្បី​សិក្សា​រក​ពី​អាយុកាល​របស់​ទូក​បុរាណ​មួយ​នេះ។

ទូក​បុរាណ​នោះ​មាន​ប្រវែង ១២,៨៣ ម៉ែត្រ ជា​ប្រភេទ​ទូក​ឃ្លោង ត្រូវ​បាន​គេ​សន្និដ្ឋាន​បឋម​ថា ធ្វើ​ពី​ដើម​គគីរ​និង​ជា​ប្រភេទ​ទូក​ដែល​ធ្វើ​ពី​ដើម​ឈើ​តែ​មួយ​ដើម​គត់​ដែល​ត្រូវ​បាន​គេ​ជីក​រក​ឃើញ​ក្នុង​ការ​ដ្ឋាន​បូម​ខ្សាច់​ក្នុង​ដី​ជម្រៅ​ជាង ៥ ម៉ែត្រ។

លោក​សាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការ​វិទ្យាសាស្ត្រ​នៃ​គណៈកម្មាធិការ​ អាយស៊ីស៊ី-អង្គរ ដែល​បាន​ទៅ​ពិនិត្យ​មើល​ទូក​នៅ​ទីតាំង​រក​ឃើញ​ផ្ទាល់ បាន​បញ្ជាក់​ថា យោង​តាម​កំណក​ដី​ដែល​កប់​ពី​លើ​ទូក​មាន​ជម្រៅ​បែប​នេះ វា​បញ្ជាក់​ប្រាប់​ថា ទូក​នេះ​មាន​អាយុកាល​យូរ​មក​ហើយ។ ទូក​នេះ ជា​ប្រភេទ​ទូក​ដែល​គេ​លែង​ប្រទះ​ឃើញ​ប្រើ​ប្រាស់​ក្នុង​ប្រទេស កម្ពុជា បន្ត​ទៀត​ឡើយ។ នេះ​ពិត​ជា​សំណាង​ណាស់ ដែល​យើង​បាន​ប្រទះ​ឃើញ​វត្ថុ​បុរាណ ដែល​ជា​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​បែប​នេះ។

លោក​សាស្ត្រាចារ្យ​បន្ថែម​ថា លោក​នឹង​យក​បំណែក​តូច​នៃ​ទូក​នេះ​ទៅ​ធ្វើ​ការ​វិភាគ​តាម​បច្ចេក​វិទ្យា​វិទ្យា​សាស្ត្រ ដើម្បី​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​នៃ​ទូក​នេះ។

អ្នកស្រី សំ យិន រស់​នៅ​ភូមិ​ប្រដាក និង​ជា​ម្ចាស់ការ​ដ្ឋាន​បូម​ខ្សាច់ ដែល​បាន​ប្រទះ​ឃើញ​ទូក​បុរាណ​នេះ​រៀប​រាប់​ថា អ្នក​ស្រី​បាន​ប្រទះ​ឃើញ​ទូក​នេះ​មែន តាំង​តែ​ពី​ជាង ១០ ថ្ងៃ​មុន តែ​អ្នកស្រី​បាន​ឲ្យ​គេ​ពន្លិច​ទៅ​វិញ។

អ្នកស្រី​បញ្ជាក់​ថា ការ​ដែល​អ្នក​ស្រី​ចេះ​តែ​លាក់​នោះ គឺ​ដោយសារ​អ្នក​ស្រី​បាន​យល់​សប្តិ​ឃើញ​ម្ចាស់​ទូក គេ​មក​ប្រាប់​ថា ត្រូវ​រៀប​ចំ​ទូក​ជា​តំណាង​ឲ្យ​គេ ព្រម​ទាំង​រៀប​ចំ​បាយសី លេង​ភ្លេង​ជូន​គេ ទើប​អាច​យក​ទូក​ចេញ​បាន។ ឥឡូវ​នេះ អ្នក​ស្រី​បាន​រៀប​ចំ​ទូក​តំណាង​ដែល​ធ្វើ​ពី​ដើម​ខ្លែង​គង់​ប្រវែង ២ ចំ​អាម​កន្លះ និង​រៀប​ចំ​បាយ​សី ១២ ថ្នាក់​បាន​រួច​រាល់​ហើយ ទើប​អ្នក​ស្រី​សម្រេច​បា្រប់​ដល់​អាជ្ញាធរ​នៅ​ពេល​នេះ៕ សូមមើលវីដេអូខាងក្រោម៖

វីដេអូ៖