ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ

0

ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​កម្ពុជា បាន​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដាក់​កំហិត​ឲ្យ​ប្រជាជន​វៀតណាម និង​ជនជាតិ​ខ្មែរ​ឥស្លាម​ ចាកចេញ​ពី​ផ្ទៃ​ទឹក​នៅទីក្រុង​ភ្នំពេញ​ឲ្យអស់​ក្នុង​រយៈពេល​១​សប្តាហ៍។ ប៉ុន្តែ​តំណាង​ទូត​វៀត​ណាម​ដែល​ជិត​ផុត​អាណត្តិ​ បាន​អះអាង​ថា នេះ​គឺ​ជាការ​សម្រេច​ចិត្ត​ភ្លាមៗ ហើយធ្វើ​ឲ្យស្ថាន​ភាព​របស់​ប្រជាជន​នៅ​លើ​ភូមិ​អណ្តែត​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ជាពិសេសនៅ​ក្នុង​បរិបទ​កូវីដ១៩​។

គ្រួសារក្រីក្រ​ដែលរួមមានទាំងជនជាតិខ្មែរឥស្លាម និងភាគច្រើនមានប្រហែល១.០០០ គ្រួសារមានដើមកំណើតវៀតណាម ពួកគេបានរស់នៅទីនេះអស់រយៈពេលជាច្រើនជំនាន់ ប្រហែលជាង ៤០ ឆ្នាំមកហើយ និងមានប័ណ្ណស្នាក់នៅស្របច្បាប់ផងដែរ។​ នេះគឺជាការអះអាង​របស់ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅកម្ពុជាតាមរយៈ​​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅថ្ងៃទី៤​មិថុនា។

​បើតាម​ឯកអគ្គរដ្ឋទូត​​ដែល​ជិត​ផុត​អណត្តិរូបនេះ​ ការ​ដាក់​កំហិត​រយៈពេល​៧ថ្ងៃ ឲ្យ​ប្រជាជនទាំងនោះ​ចាកចេញ​ពីផ្ទៃទឹក​គឺលឿនពេក និងមិនអាចអនុវត្តទៅរួចឡើយ។ គ្រួសារភាគច្រើនក្រីក្រខ្លាំងណាស់គឺមានតែផ្ទះតូចៗអណ្តែតទឹក និងទូកមួយគ្រឿងដែល​បានមកពីការខ្ចីប្រាក់ដើម្បីចិញ្ចឹមត្រីនិងការ​ធ្វើ​នេ​សាទ​​ជាលក្ខណៈគ្រួសារ។

ដោយបានចុះទៅជួបផ្ទាល់កាលពីថ្ងៃទី៤មិថុនា លោក វូ ក្វាងមិញ និង​ប្រធានសមាគមវៀតណាម​នៅកម្ពុជា បាន​អះអាងថា ពួកគេបានដាក់ពាក្យស្នើសុំទៅអាជ្ញាធររាជធានីភ្នំពេញពន្យាដល់​ប្រជាជនទាំងនោះ ក្នុង​ការ​ចាកចេញ​ពីផ្ទៃទឹក រហូត​ដល់ពេល​ដែលអាចរកទីតាំងសមរម្យ​ដើម្បី​រស់​នៅលើ​គោក។

បើតាមសាលារាជធានីភ្នំពេញ ការរស់នៅលើទឹកបែបនេះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ការបន្ទោបង់ពាសវាលពាសកាលចូលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះ ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណ​ភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកផងដែរ៕ ប្រភពអត្ថបទ៖ RFI Khmer