ផ្លែក្រូចមានប្រយោជន៍ដល់សុខភាពមនុស្សយ៉ាងច្រើនព្រោះវាសម្បូរទៅដោយវីតាមីន C និង A, សារធាតុ Flavonoid, អង់ទីអុកស៊ីដង់, កាល់ស្យូម, ម៉ាញ៉េស្យូម, ប៉ូតាស្យូម, អាហារសរសៃ ។ល។
ផ្លែក្រូចជាផ្លែឈើដែលមនុស្សជុំវិញពិភពលោកនិយមចូលចិត្តខ្លាំងបំផុតព្រោះតែរស់ជាតិដ៏ឆ្ងាញ់របស់វា បូករួមនឹងមានវីតាមីនជាច្រើនប្រភេទផងដែរ។ កាលណាមនុស្សយើងទទួលបានវីតាមីនច្រើន និងខ្លាំងក្លាបែបនេះហើយ វានឹងការពាររាងកាយយើងពីជំងឺធ្ងន់ធ្ងរជាច្រើនបានទៀតផង។
ចំណែកការសិក្សារស្រាវជ្រាវថ្មីៗនេះ បង្ហាញថាការបរិភោគផ្លែក្រូចមួយផ្លែរៀងរាល់ថ្ងៃអាចបង្ការបញ្ហាដែលបង្កឱ្យពិការភ្នែកបាន ដោយជួយកាត់បន្ថយផលប៉ះពាល់ប្រស្រីភ្នែក បាន ៦០ ភាគរយ។
លោកសាស្ដ្រចារ្យដឹកនាំការសិក្សាឈ្មោះលោក Bamini Gopinath មកពីសាកលវិទ្យាល័យ Sydney និយាយថា៖ «ទិន្នន័យបង្ហាញថា វីតាមីន Flavonoids មានក្នុងផ្លែក្រូចជួយបង្ការប្រឆាំងនឹងជំងឺភ្នែក»។
ក្រៅពីនោះ សារធាតុ Flavonoids ក៏គេរកឃើញមានក្នុងផ្លែផ្សេងទៀតដូចជាផ្លែប៉ោម ប៉ុន្ដែមានតែសារធាតុប្រឆាំងអុកស៊ីតកម្មរបស់ផ្លែក្រូចប៉ុណ្ណោះ ដែលអាចប្រឆាំងនឹងជំងឺខ្សោយភ្នែក ឬពិការភ្នែកបាន៕