បើគិតមកទល់នឹងពេលនេះតារាប្រុសល្បីឈ្មោះលោក Pope Thanawat គឺបានប្រឡូកក្នុងសិល្បៈអស់រយៈពេលប្រមាណជាង ១០ ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ២០០៩ មកម្ល៉េះជាមួយនឹងការសម្តែងរឿងដំបូងដែលមានចំណងជើងថា «October Sonata» ជាមួយនឹងតារាស្រី Koy Rachwin។
រហូតមកដល់ឆ្នាំ ២០១១ ទើបតារាប្រុសនេះចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីខ្លាំងក្នុងរឿង «Dok Som See Thong» ដែលសម្តែងជាមួយនឹងតារាស្រីជួរមុខប្រចាំប្រទេសថៃ Chompoo Araya។ អំឡុងពេលនោះ លោកក៏ទទួលបានពានរង្វាន់បន្ទាប់ពីរឿងនេះបានចាក់បញ្ចាំង និងជោគជ័យខ្លាំងលើកញ្ចក់ទូរទស្សន៍។
និយាយពីជីវិតជោគជ័យក្នុងវិស័យសិល្បៈ រូបរាងសង្ហា ប្រិយមិត្តមួយចំនួនច្បាស់ជាគិតថា តារាប្រុសរូបនេះ ប្រហែលជាមានគូកំណាន់ចិត្តហើយមើលទៅ។ ប៉ុន្តែការគិតបែបនេះគឺខុសហើយ ពោលតារាប្រុសអាយុ ៣៨ឆ្នាំរូបនេះ មិនមានដៃគូស្នេហាឡើយ។
ជុំវិញរឿងនេះ លោកក៏បាននិយាយដែរថា មិនមែនលោកមិនដែលគិតថាមិនចង់បាននោះទេ តែសំខាន់ពេលនេះយើងគួរតែធ្វើអ្វីដែលធ្វើឱ្យយើងរីករាយបន្ត ចំណែករឿងគូរៀបការពេលណាគឺពេលហ្នឹងចុះ៕