តារាចម្រៀងទូច ស៊ុននិច បានទម្លាយពីអារម្មណ៍ពិតរបស់នាង ថានាងមានការនឹករលឹកទឹកដីអង្គរ ដែនដីសុវណ្ណភូមិខ្មែរ ដែលជាមាតុភូមិរបស់នាងជានិច្ច ហើយនាងរំពឹងថា ថ្ងៃណាមួយនាងនឹងវិលមកមាតុភូមិវិញ ហើយ នឹងទៅកម្សាន្តនៅរមណីយដ្ឋានអង្គរ ដែលនាងមានការស្ញប់ស្ញែងនិងមានមោទនភាពខ្លាំងណាស់ ចំពោះសំណង់ប្រាសាទបុរាណដ៏អច្ឆរិយរបស់ដូនតាខ្មែរ។
កញ្ញាទូច ស៊ុននិច បានបង្ហោះរូបថតអនុស្សាវរីយ៍កាលពីជិត ២០ឆ្នាំមុន ដែលនាងបានទៅច្រៀងសម្តែងការប្រគំតន្ត្រីនៅខេត្តសៀមរាប ហើយ នាងនិងក្រុមគ្រួសារ បានឆ្លៀតដើរទស្សនាកម្សាន្តនៅប្រាសាទបុរាណខ្មែរ នាទឹកដីអង្គរ ក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់នាង ជាមួយសំណេរថា៖
“រូបថតអនុស្សាវរីយ៍កាលពី ឆ្នាំ២០០២ ពេលដែលនាងខ្ញុំទៅ Concert នៅខេត្តសៀមរាប ហើយឆ្លៀតពេលក្រុមគ្រួសារខ្ញុំ មានលោកប៉ា អ្នកម៉ាក់ ប្អូនប្រុស និងនាងខ្ញុំ បានទៅទស្សនាកម្សាន្តនៅតាមប្រាសាទបុរាណ ដ៏អច្ឆរិយ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរយើង បន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ ការពារថែរក្សាជាដួងព្រលឹងជាតិ។
នាងខ្ញុំមានការស្ញប់ស្ញែងនិងមានមោទនភាពខ្លាំងណាស់ ចំពោះសំណង់ប្រាសាទបុរាណដ៏អច្ឆរិយ របស់ដូនតាខ្មែរ។ នាងខ្ញុំស្រលាញ់ និងនឹករលឹកទៅដល់ទឹកដីសុវណ្ណភូមិខ្មែរ ជានិច្ច ហើយថ្ងៃ ណាមួយ នាងខ្ញុំនឹងទៅគោរពសក្ការៈ និងបានដើរទស្សនានៅតាមប្រាសាទបុរាណដ៏អច្ឆរិយ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរយើង វិញទៀត ជាក់ជាមិនខាន”។
ទោះជាយ៉ាងណា ជនរួមជាតិខ្មែរទូទៅ ទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសអ្នកនិយមគាំទ្រទឹកដមសំឡេងរបស់អតីតអ្នកចម្រៀងបញ្ញវន្ត (អតីតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ) រូបនេះ តែងបួងសួងដល់វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជួយឱ្យនាងបានជាសះស្បើយដូចដើមឡើងវិញ ហើយសង្ឃឹមថា នៅថ្ងៃណាមួយ នាងនឹងអាចឡើងច្រៀងសម្តែងលើឆាក ដូចមុនឆ្នាំ២០០៣ ជាមិនខាន៕ នគរធំ