សូម្បីតែអ្នកដែលមិនដឹងអ្វីសោះអំពីបាល់ទាត់ក៏ប្រហែលជាដឹងថា Cristiano Ronaldo ជានរណាដែរ។ គាត់ទទួលបានការកោតសរសើររាប់មិនអស់តាំងពីប្រឡូកដំបូងនៃអាជីពរបស់គាត់ ហើយនៅអាយុជិត ៤០ឆ្នាំទៅហើយគាត់នៅតែរឹងមាំក្នុងវិស័យនេះ។
រ៉ូណាល់ដូ បានប្រឡូកក្នុងវិស័យបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រៅពីការងារ មហាជនមិនតិចទេបានតាមដានជីវិតនៅក្រៅឆាករបស់លោកជាមួយនឹងមិត្តស្រីជាច្រើននាក់។
តែក្រោយមកកំពូលកីឡាករបាល់ទាត់រូបនេះ បានចាប់ចិត្តខ្លាំងនឹង តារាម៉ូដែលជនជាតិអេស្ប៉ាញ Georgina Rodriguez រហូតសាងគ្រួសារជាមួយគ្នាយ៉ាងកក់ក្ដៅមួយអស់រយៈពេលជាង ៥ ឆ្នាំមកហើយ ថែមមានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ថែមទៀតផង ដោយនេះខុសពីអ្នកមុនៗ។
ពិតណាស់បុរសម្នាក់ ទោះខូចប៉ុណ្ណាក៏ដោយ ក៏ចង់បាននារីម្នាក់ដែលសាកសមមកធ្វើជាដៃគូជីវិតដែរ។ ជាក់ស្ដែង បើតាមការឱ្យដឹង តារាស្រីម៉ូឌែលរូបនេះ ជានារីម្នាក់ទន់ភ្លន់ មានគំនិត ចេះយកចិត្តគ្រប់បែបយ៉ាង ទាំងកិច្ចការផ្ទះ ការងារទូទៅ ព្រមទាំងឱ្យតម្លៃគ្រួសារខ្លាំងណាស់ ជាពិសេសនោះ គឺនាងស្រឡាញ់មើលថែយកចិត្តទុកដាក់ចំពោះកូនៗទាំង ៣ នាក់ទៀត ប្រៀបបីដូចជាកូនបង្កើតរបស់ខ្លួនដូច្នោះឯង ។
ដោយសារតែ បែបនេះហើយ ទើបនាងបានចងចិត្ត Cristiano Ronaldo ដែលត្រូវបានមហាជនមួយចំនួនហៅថា ព្រាននារី រូបនេះជាប់ ដកចិត្តមិនរួចសោះ៕