មិននឹកសោះថា អាជីពជាតារាសម្តែងរបស់កំពូលតារាស្រីហូលីវូដចិត្តធម៌ Angelina Jolie គឺជាសរសៃឈាមដ៏ខ្វាត់ខ្វែងមិនងាយកាត់ផ្តាច់ ដែលបានរត់បន្តជាខ្សែស្រឡាយពូជពង្ស តមកពីឪពុកម្តាយរបស់លោកស្រីឡើយ។
តាមពិតទៅ តារាស្រី Angelina Jolie បានមានកំណើតកើតនៅក្នុងត្រកូលគ្រួសារអ្នកសម្តែងតែម្តង ជាហេតុធ្វើឱ្យលោកស្រីមានដុង ក៏ដូចជាចំណង់ចំណូលចិត្តខាងផ្នែកនេះ តាំងពីកំណើតរហូតអាចហាត់ពត់សមត្ថភាពដើរលើផ្លូវសិល្បៈបានដោយខ្លួនឯង។
តាមព័ត៌មានបានឱ្យដឹងថា ឪពុកបង្កើតរបស់លោកស្រី គឺជាអតីតតារាសម្តែងជើងចាស់មានប្រជាប្រិយភាពរបស់អាមេរិក លោក Jon Voight ចំណែកឯម្តាយវិញ គឺជាអតីតតារាសម្តែងស្រីសម្រស់បាន Marcheline Bertrand ថែមទាំងជាសប្បុរសជនមួយរូបថែមទៀតផង។
អ្នកទាំងពីរបានចាប់ដៃគ្នាសាងគ្រួសារ ដោយទទួលបានកូនប្រុសស្រីសំណព្វពីរនាក់ គឺលោកស្រី Angelina Jolie និងបងប្រុស James Haven។ គួរឱ្យសោកស្តាយ ក្រោយមកនៅពេលលោកស្រី មានអាយុប្រហែលមិនបាន ១ ឆ្នាំស្រួលបួលផង ឪពុកម្តាយទាំងគូក៏ចាប់ផ្តើមមានភាពរកាំរកូស រហូតឈានដល់ការលែងលះចែកផ្លូវតែម្តង។
លោក Jon Voight ក៏បានចាកចេញទៅសាងគ្រួសារថ្មី ចំណែកកូនៗទាំងពីរ ក៏ត្រូវបានធ្លាក់ជាបន្ទុករបស់អ្នកម្តាយតែម្នាក់ឯង ដែលធ្វើឱ្យតារាសម្តែងម្នាក់នេះ ដាច់ចិត្តបោះបង់អាជីពសិល្បៈចោល រួចយកពេលវេលាមកមើលថែរក្សាកូនៗសំណព្វទាំងពីរវិញម្តង។
ក្រោយមក លោកស្រី Marcheline Bertrand ជាម្តាយ Angelina Jolie ក៏បានមកបាត់បង់ជីវិតនៅវ័យត្រឹម ៥៦ ឆ្នាំ ដោយសារតែជំងឺមហារីកអូវ៉ុល និង មហារីកដោះ ទាំងមិនបាននៅផ្តល់ភាពកក់ក្តៅឱ្យកូនៗ និង ចៅៗឡើយ។
យ៉ាងណាមិញ លោកស្រី Angelina Jolie ក៏បានព្យាយាមដើរតាមវិថីសិល្បៈតមកពីឪពុកម្តាយ រហូតទទួលបានប្រជាប្រិយភាពជាកំពូលតារាសម្តែងហូលីវូដជួរមុខសព្វថ្ងៃនេះ។ ជាពិសេសនោះ គឺលោកស្រីមិនភ្លេចឡើយ នូវការធ្វើសប្បុរសធម៌ដែលជាគន្លងរបស់អ្នកម្តាយ៕