អាចនិយាយបានថា Mr.Bean គឺជាតួអង្គដ៏មានប្រជាប្រិយមួយរូប ដែលគ្រប់គ្នាធ្លាប់បានលឺ និងទស្សនាពីការសម្តែងដ៏ល្អឥតខ្ចោះ របស់តារាកំប្លែង និងជាសម្តែងពហុជំនាញ លោក Rowan Atkinson ដែលបានផ្ដល់នូវសំណើច សប្បាយរីករាយ ដល់ទស្សនិកជន ដែលធ្វើឲ្យពួកគេ បង្ហាញពីការពេញចិត្តយ៉ាងខ្លាំង។
ភាពល្បីល្បាញរបស់លោក បានធ្វើឱ្យតារាប្រុសរូបនេះ ក្លាយជាតារាមានទ្រព្យស្តុកស្តម្ភម្នាក់ ដោយប្រាក់ចំណូលរបស់លោកគឺមានមិនក្រោម ១៥០ លានដុល្លារនោះឡើយ។ មានលុយចាយមិនអស់បែបនេះ មិនមែនមកពីសំណាងនោះទេ គឺមកពីការខិតខំប្រឹងប្រែង។
ដោយមុនឈានមកដល់ចំនុចនេះ Mr.Bean ធ្លាប់ជាមនុស្ស ដែលត្រូវរងការប្រមាថមើលងាយជាច្រើន ជាពិសេសត្រូវបានគេលេងសើច និង មាក់ងាយលើរូបសម្រស់របស់លោកនៅសាលា។ លោកត្រូវបានគេហៅថា ជាមនុស្សភពផ្សេង មុខចម្លែកខុសគ្នា។ ដោយសារតែការមាក់ងាយលេងសើចនេះហើយ បានធ្វើឱ្យលោកក្លាយជាក្មេងអៀនប្រៀនម្នាក់ មិនសូវមានមិត្តរាប់អានច្រើន។
តារាកំប្លែងជើងចាស់ដ៏ល្បីរូបនេះ រៀនរហូតទទួលបានសញ្ញាបត្រផ្នែកវិស្វករអគ្គិសនី តែលោកមានក្ដីសម្រៃ ចង់ក្លាយជាតារាសម្ដែង ទើបសម្រេចដើរតាមក្ដីស្រមៃរបស់ខ្លួន ដោយមិនខ្វល់ពីសញ្ញាបត្រផ្នែកវិស្វករអគ្គិសនី។
បើទោះបីជាត្រូវគេបដិសេធរាប់ភ្លេចក៏ពិតមែន ប៉ុន្តែលោកនៅមិនបោះបង់ការជឿជាក់លើខ្លួនឯងឡើយ។ លោកដឹងថា លោកមានទេពកោសល្យធ្វើឱ្យមនុស្សសើចសប្បាយ ដូច្នេះលោកបានចាប់ផ្ដើមផ្ដោតលើការបង្កើតរឿងកំប្លុកបំប្លែង ដែលមានតួអង្គចម្លែក មិនសូវចេះនិយាយមាត់ក ដែលមនុស្សគ្រប់គ្នាសព្វថ្ងៃស្គាល់ថាជា «Mr Bean» នេះឯង៕ សូមមើលរូបភាពខាងក្រោម៖