អ្នកដែលធ្លាប់ទស្សនាសាច់រឿងសាមកុក ទាំងអស់ និងអ្នកនិយមតាមដានរឿងភាគចិន គ្មានអ្នកណាម្នាក់ដែលមិនស្គាល់តួអង្គ ជូកឺលៀង ឬ ហៅម្យ៉ាងទៀតថា “ខុងមិញ” នោះទេ។ តួអង្គរបស់លោកបង្ហាញនូវភាពឆ្លាតវៃ ចេះដឹងមេឃដី កាលៈទេសៈយ៉ាងច្បាស់ ជាពិសេសការដឹកនាំ ទស្សនៈនយោបាយល្អៗជាច្រើន ដែលត្រូវបានគេចែករំលែក និងសិក្សាជាផ្នែកនៃសតិបញ្ញារបស់អ្នកសិក្សាគ្រប់គ្នា។
លោក Lu Yi (ជូកឺលៀង) បច្ចុប្បន្ននេះ លោកមានអាយុ ៤៦ឆ្នាំហើយ។ លោកកើតនៅទីក្រុង សៀងហៃ ប្រទេសចិន។ លោកមិនមែនត្រឹមតែជាតារាសម្ដែងប៉ុណ្ណោះទេ ថែមជាជាតារាចម្រៀង ជាពិធីករ ជាតារាម៉ូដែលបង្ហាញម៉ូតសម្លៀកបំពាក់ និងជាអ្នកដឹកនាំសម្ដែងមួយរូបផងដែរ។ លោកបានចាប់ផ្ដើមជីវិតជាអ្នកសិល្បៈតាំងពីអាយុ ៥ឆ្នាំ មកម្ល៉េះ ។ ដោយសម្ដែងក្នុងរឿង “Spring Ding-dong”។
នៅថ្នាក់ទី៨ លោកបានរៀនល្ខោន និងក្បាច់គុនកុងហ្វូទៀតផង។ សិល្បករចិនរូបនេះ បានក្លាយជាតារាលំដាប់កំពូលរបស់ប្រទេសចិនក្នុងអំឡុងឆ្នាំ១៩៩៩។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាសម្ដែង អ្នកនាង Bao Lei ។
សាច់រឿង “សាមកុក“ បានថតជាខ្សែភាពយន្តពីរបីកន្លងមកហើយ ប៉ុន្តែរឿងភាគចេញផ្សាយឆ្នាំ ២០១០ តួសម្ដែងជាជូកឺលៀង គឺលោក Lu Yi ដែលលេខធ្លោរជាងគេបំផុត។ លោក Lu Yi បានចូលសម្ដែងរឿងភាគចិនជាច្រើន ក្នុងនោះក៏មានរឿង “អាណាចក្រទាំងបី” ឬ “សាមកុក” ដែលចេញផ្សាយនៅខែឧសភា ឆ្នាំ២០១០។
ក្នុងរឿងនេះ លោកសឹងក្លាយជាវីរៈបុរសរបស់អ្នកសិក្សា អ្នកនយោបាយ អ្នកទស្សនវិជ្ជា ឬអ្នកប្រវត្តិសាស្ត្រ ដោយសារភាពវ័យឆ្លាត ទ្រឹស្ដី និងល្បិចកលយកឈ្នះសត្រូវក្នុងសង្គ្រាម។ ក្នុងឆ្នាំ ២០០៤ Lu Yi បានឈរនៅលេខរៀងទី១៣ និងឆ្នាំ២០០៥ ឈរនៅលេខរៀងទី១១ នៃតារាភាពយន្តចិនក្នុងគេហទំព័រល្បី Forbes។ នៅឆ្នាំ២០០៥នោះដែរ ភាពយន្តរបស់លោក “Seven Swords” បានទទួលការតែងតាំងរហូតដល់ ៧សម្រាប់ពាន Golden Horse និងពីរសម្រាប់ពានរង្វាន់ Hong Kong Film Award។
យ៉ាងណាមិញ បើក្រឡែកមើលជីវិតពិតរបស់តួអង្គជូកឺលៀងវិញ ក៏មិនធម្មតានោះដែរ ពោលគឺលោកក្នុងវ័យ៤៦ឆ្នាំនេះ លោកគឺជាសេដ្ឋីលាក់មុខម្នាក់ ដែលត្រូវបានគេប៉ាន់ស្មានថា លោកមានទ្រព្យចន្លោះពី ១លាន ទៅ២លានដុល្លារឯណោះ៕ សូមមើលរូបភាពខាងក្រោម៖