ប្រិយមិត្តប្រាកដជាជ្រាបហើយថា ចាប់តាំងពីតារាសម្តែងប្រុសរូបសង្ហា James Ma ប្រឡូកចូលសិល្បៈដំបូងរហូតមកទល់ពេលនេះ លោកមិនធ្លាប់លេចឮមានព័ត៌មានស្នេហា
ជាមួយតារានឹងស្រីរូបណាម្នាក់សូម្បីតែម្តងឡើយ រហូតដល់ថ្នាក់អ្នកគាំទ្រព្រួយបារម្ភ ខ្លាចតារាប្រុសរូបនេះកើតជំងឺឯកា ព្រោះតែនៅ Single យូរពេកថែមទៀតផង។ ប៉ុន្តែអ្នកខ្លះបែរជាគិត និងលើកឡើងថាលោកប្រហែលជាមនុស្សស្រលាញ់ភេទដូចគ្នា។
តារាសម្តែងរូបនេះ មកទល់នឹងពេលនេះគឺមានវ័យ ២៨ ឆ្នាំហើយ ដែលកំពុងពេញការគាំទ្រពីសំណាក់អ្នកគាំទ្រ ជាពិសេសប្រិយមិត្តនារីៗ ព្រោះតែមានទាំងរូបរាងសង្ហា ការសិក្សាខ្ពស់ និង សមត្ថភាពគួរឱ្យកោតសរសើរ។
ចំពោះបញ្ហាស្នេហានេះដែរ អ្នកគាំទ្ររបស់លោកចង់ដឹងណាស់ តើពេលណាទើបកំលោះសង្ហារបស់យើងព្រមបើកចំហបេះដូង? ចំពោះរឿងនេះ លោកបានឱ្យដឹងដែរថា ចំពោះរឿងស្នេហា គឺលោកមិនប្រញាប់ទេ ឬចាំបាច់ត្រូវតាមស្វែងរក ឬក៏ទៅសាសងជាមួយអ្នកណាទេ។
ហើយក៏មិនចាំបាច់មានដែរ ព្រោះពេលនេះលោកកំពុងសម្រុកធ្វើការងារ ម្យ៉ាងកំពុងមានជំងឺរាតត្បាត ដែលពិបាកក្នុងការជួបគ្នាទល់មុខផងដែរ ប្រសិនបើមានស្នេហា ហើយមិនអាចមើលថែគេបាន លោកសុំមិនមានល្អជាង៕ សូមមើលរូបភាពខាងក្រោម៖