អាចនិយាយបានថា តារាសម្ដែងស្រីប្រចាំប្រទេសថៃ Anne Thong និង Aum Patchrapa ជាតារាស្រីជើងចាស់ ដែលមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត អ្នកទាំងពីរ បានឈានជើងចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ
និងបានសាងស្នាដៃជាច្រើនលើវិថីសិល្បៈ រហូតជោគជ័យមកទាល់នឹងពេលនេះ។ ពិតណាស់ គេអាចនិយាយបានថា តារាទាំងពីររូបនេះ ជាសិល្បការិនីដ៏មានភាពលេចធ្លោបំផុត ដែលអាចរក្សានៅប្រជាប្រិយភាព និងទទួលបានការចូលចិត្តពី សំណាក់ទស្សនិកជនដដែល។
យ៉ាងណាមិញ បើតាមបទសម្ភាសបើកចំហរបស់តារាស្រីរូបនេះ ជាមួយនឹងសារព័ត៌មានទាក់ទងនឹងរឿងស្នេហាជាមួយនឹងគូស្នេហ៍ជាង ២០ឆ្នាំ គឺលោក A-Tinnabhan ដែលទស្សនិកជន និង ប្រិយមិត្តអ្នកគាំទ្ររបស់នាង តែងតែទទូចដឹងថា ហេតុអ្វីបានជាអ្នកទាំងពីរមិនទាន់មានគម្រោងរៀបការ?
អំឡុងពេលនោះ តារាស្រីវ័យ ៤៦ឆ្នាំរូបនេះ បានឆ្លើយតបទាំងអស់សំណើចថា៖ «ខ្ញុំមិនទាន់ចង់រៀបការទេ ព្រោះខ្ញុំមិនអាចរៀបការពេលនេះបានទេ។ ចំពោះរឿងនេះ យើងបាននិយាយគ្នារួចហើយ ថាយើងអាចនៅជាមួយគ្នាបែបនេះរហូតឬយ៉ាងណា? ពួកយើងយកចិត្តទុកដាក់គ្នា និង មើលថែគ្នាដូចជាមិត្តភក្តិ ឬ គ្រួសារ វាលើសពីមិត្ត ប្រៀបដូចមនុស្សតែមួយ រស់នៅជាមួយគ្នាដូចគ្រួសារមួយ»។
ក្នុងនោះ នាងបានបន្ថែមទៀតថា៖ «ខ្ញុំមិនអាចឆ្លើយបានទេនៅថ្ងៃអនាគត។ ប៉ុន្តែឥឡូវនេះ គាត់ប្រៀបដូចជាបងប្អូន និង អាចធ្វើជាមិត្ត ហើយក្លាយជាសមាជិកក្នុងគ្រួសារពួកយើងដែរ។ បច្ចុប្បន្ន ខ្ញុំនៅតែមានឈ្មោះជាសង្សាររបស់គាត់
មិនមែនដៃគូជីវិតទេ ព្រោះពួកយើងមិនបាននៅផ្ទះតែមួយជាមួយគ្នា។ ហើយខ្ញុំក៏មិនដឹងថាសេចក្តីស្រឡាញ់នេះ នឹងរលាយថ្ងៃណាមួយដែរ? ទោះជាយ៉ាងណា នេះជារឿងធម្មជាតិ រយៈពេលជាង ២០ឆ្នាំ ក៏នៅតែត្រូវរសាត់បាត់ ប៉ុន្តែវាជំនួសដោយអារម្មណ៍ខុសគ្នាវិញ ពេលនេះខ្ញុំគិតថា នៅបែបនេះសិន ពិធីអាចមាន ឬ ក៏អត់ ព្រោះខ្ញុំមិនទាន់អាចនិយាយបានទេ»៕សូមមើលរូបភាពខាងក្រោម៖