ដូចដឹងស្រាប់ហើយថា ក្រោយពីរកស៊ីកាក់កប ជោគជ័យខ្លាំងហើយនោះ តារាកំប្លែង នាយពាក់មី សង់ផ្ទះធំស្កឹមស្កៃឲ្យ ម្តាយឪពុកនៅស្រុកកំណើត នរណាមិនល្បី តារាកំប្លែងរូបនេះ ជាកូនកត្តញ្ញូដឹងគុណឪពុកម្តាយ ដល់ថ្នាក់នេះ ។
ជាងនេះទៅទៀត មិនមែនគិតគូរតែឪពុកម្តាយបង្កើតនោះទេ សាងសង់ផ្ទះឲ្យម្តាយឪពុករួចមិនទាន់ប៉ុន្មាន រូបលោកក៏សម្រេចចិត្តសង់ផ្ទះថ្មីឲ្យម្តាយឪពុកក្មេកមួយខ្នងធំ ថែមទៀតផង។
ហើយផ្ទះដែលបានសាងសង់ជូនឪពុកម្តាយក្មេក ក្នុងសំណង់បែបបុរាណកាត់សម័យដូចគ្នា ដែលមកទល់ពេលនេះ ផ្ទះថ្មីដែលសង់សម្រាប់ឪពុកម្តាយក្មេក បាន និង កំពុងសាងសង់ជិតរួចជាស្ថាពរហើយ។
ខណៈពេលដែលផ្ទះសង់ឱ្យឪពុកម្តាយក្មេកជិតរួចរាល់ តារាកំប្លែង នាយ ពាក់មី ក៏បានរំលេចរូបភាពសំណង់ផ្ទះនោះលើទំព័រហ្វេសប៊ុកផងដែរ ដោយគេកត់សម្គាល់ឃើញមានភាពស្រស់ស្អាត និង ប្រណីតយ៉ាងខ្លាំង។
ផ្ទះថ្មីរបស់ឪពុកម្តាយក្មេក សាងសង់ចេញរូបរាងកាន់តែច្បាស់ ស្ទើរតែរួចរាល់ហើយ មើលទៅ មិនចាញ់វីឡាអ្នកទីក្រុងប៉ុន្មានឡើយ ប៉ះចង់កូនប្រសារជាអតីតជាងសំណង់ទៀត គ្រាន់តែមើល ក៏ដឹងតែញាក់ដែរ រៀបចំឲ្យមួយស្អាតមួយចប់តែម្តង ជាពិសេស ដេគ័រខាងក្នុង ក៏មិនណយដែរ ដាក់សុទ្ធតែពណ៌មាស ភ្លឺចាំងភ្នែកគេឯងតែម្តង។
យ៉ាងណាមិញ ស្របពេលដែលនាយ ពាក់មី បង្ហោះរូបផ្ទះថ្មីនេះដែរ នាយក៏បានរំលេចពាក្យសម្តីប៉ុន្មានម៉ាត់ ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានសរសេរថា ៖ «កុំដៀល ពួកសំណង់! បេីគ្មានអ្នកសំណង់ ក៏គ្មានផ្ទះថ្មនៅដែរ ថ្ងែនេះកម្មករសំណង់ ថ្ងៃក្រោយក្លាយជាជាងសំណង់ ឬ ជាអ្នកម៉ៅកាសំណង់ លក់គ្រឿងសំណង់ និង ក៏អាចក្លាយជាម្ចាស់បូរីបានដែរ»៕ សូមមើលរូបភាពខាងក្រោម៖